ខ្លឹមសារអត្ថបទ

Alt Text

តើធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងសុខភាព មានភាពខុសគ្នាយ៉ាងដូចម្តេច?

ថ្មីៗនេះមានការយល់ច្រឡំអំពីអត្ថប្រយោជន៍របស់ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងសុខភាព ដែលបង្កទៅជាចម្ងង់ថាតើធានារ៉ាប់រងពិតជាមិនផ្ដល់សំណងដូចដែលគេលើកឡើងមកមែនដែរ ឬទេ?

១. ធានារ៉ាប់រងអាយុជីវិត៖ គឺជាធានារ៉ាប់រងដែលផ្ដល់សំណងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលអាចបណ្ដាលមកពីកត្តាគ្រោះថ្នាក់ចៃដន្យ និងមិនមែនជាគ្រោះថ្នាក់ចៃដន្យ (មរណភាពដោយសារជំងឺ) ឬធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិត។ ធានារ៉ាប់រងអាយុជីវិតមានច្រើនប្រភេទរួមមាន៖

ក. ធានារ៉ាប់រងអាយុជីវិតទាយជ្ជទាន (Endowment Life Insurance) ៖ គឺជាធានារ៉ាប់រងអាយុជីវិតដែលមានអត្ថប្រយោជន៍សន្សំ និងការធានាបូកបញ្ចូលគ្នា។ ប្រសិនបើមិនមានបញ្ហាណាមួយកើតឡើងទេ នោះចុងគ្រាពេលដល់កាលកំណត់នៃឆ្នាំដែលអតិថិជនបានសម្រេចចិត្តប្រើប្រាស់អាចមានរយៈពេលចាប់ពី ៥ឆ្នាំ ១០ឆ្នាំ ឬ១៥ឆ្នាំ អតិថិជននឹងទទួលបានអត្ថប្រយោជន៍សន្សំត្រឡប់ទៅវិញ។

ខ. ធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ (Term Life Insurance) ៖ គឺជាប្រភេទធានារ៉ាប់រងដែលផ្តោតសំខាន់លើការធានាតែមួយមុខគត់ និងមិនមានអត្ថប្រយោជន៍សន្សំត្រឡប់ទៅវិញនោះទេ។ និយាយឲ្យស្រួលស្ដាប់ វាជាធានារ៉ាប់រងអាយុជីវិតដែលផ្ដល់តែការធានា មិនមែនសន្សំ។ សម្រាប់ការធានាវិញគឺធានាលើករណីគ្រោះថ្នាក់ចៃដន្យ ឬមិនចៃដន្យដែលអាចបង្កទៅជាពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬរហូតដល់បាត់បង់អាយុជីវិត។

ចំពោះអត្ថប្រយោជន៍របស់ធានារ៉ាប់រងអាយុជីវិត គឺផ្ដោតសំខាន់លើការធានាដែលអាចប៉ះពាល់ដល់អាយុជីវិតរួមមានពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដែលអាចបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យណាមួយ ឬជំងឺណាដែលបង្កឲ្យអ្នកជំងឺមិនមានលទ្ធភាពក្នុងការធ្វើការរកចំណូលបន្ត ឬធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ តែអតិថិជនក៏អាចទិញធានាបន្ថែមលើករណីព្យាបាលជំងឺធ្ងន់ធ្ងរផងដែរ។

២. ធានារ៉ាប់រងសុខភាព៖ គឺជាធានារ៉ាប់រងទូទៅ (General Insurance or Non-life Insurance) ដែលផ្ដោតសំខាន់លើការព្យាបាលបញ្ហាជំងឺ ឬរបួសស្នាមនានាដែលអាចបណ្ដាលមកពីបញ្ហាគ្រោះថ្នាក់ចៃដន្យដែលបានចែងបញ្ជាក់ក្នុងតារាងអត្ថប្រយោជន៍របស់គម្រោង។ ធានារ៉ាប់រងសុខភាព មិនមានអត្ថប្រយោជន៍សន្សំត្រឡប់ទៅវិញនោះទេ ក្នុងករណីអតិថិជនមិនមានបញ្ហាអ្វីទាំងអស់អំឡុងពេលនៃការធានា។ ជាទូទៅធានារ៉ាប់រងសុខភាព គឺមានរយៈពេលធានាមួយឆ្នាំម្ដង ហើយអតិថិជនអាចមានសិទ្ធិក្នុងការផ្លាស់ប្ដូរក្រុមហ៊ុននៅពេលដែលបណ្ណសន្យាអស់សុពលភាពរៀងរាល់ឆ្នាំ ទៅតាមការពេញចិត្តរបស់ខ្លួន។

មុននឹងសម្រេចចិត្តប្រើប្រាស់សេវាធានារ៉ាប់រងណាមួយ សូមអ្នកសិក្សាអំពីប្រភេទធានារ៉ាប់រងដែលអ្នកចង់ប្រើប្រាស់ ឬបាននឹងកំពុងប្រើប្រាស់ឲ្យបានច្បាស់លាស់ ជៀសវាងករណីមានការភាន់ច្រឡំទៅលើអត្ថប្រយោជន៍ដែលអាចបង្កទៅជាការមិនទុកចិត្ត ឬការសង្ស័យនានាជាដើម។

រក្សាសិទ្ធិ 2023 © Cambo Insurance Academy

មើល​វីដេអូ


អត្ថបទល្អបំផុត, ទាំងអស់

ខ្ញុំកំពុងមានកម្ចី បើអោយខ្ញុំទិញធានារ៉ាប់រងអាយុជីវិតទៀត ពិតជាបន្ថែមបន្ទុកក្នុងការបង់មួយកម្រិតទៀតហើយ!!!